រឿងអត់ពាក់ ម៉ាស់ទៀតហើយ!!! គណៈកម្មការផ្សារច្បារអំពៅ ឲ្យម៉ាសពាក់ហើយ ស្ដ្រីម្នាក់បែរជាទាញស្បែកជើងវាយនិងជេរសន្តិសុខវិញ
អ្នកផ្សារបន្លែច្បារអំពៅនឹកហួសចិត្ត ខណៈដែលឃើញស្ត្រីម្នាក់ ទាញស្បែកជើងវ៉ៃសន្តិសុខផ្សារ នៅពេលដែលសន្តិសុខយកម៉ាសឲ្យគាត់ពាក់ចូលផ្សារ ដើម្បីថែរក្សាសុខភាព។តាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា លោកនឹកហួសចិត្តនៅសកម្មភាពស្ត្រីម្នាក់ ដែលធ្វើដំណើរចូលមកផ្សារ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាស។ ឃើញបែបនេះ ក្រុមសន្តិសុខបានយកម៉ាសជូនគាត់ពាក់ស្រាប់តែទាញស្បែកជើងវ៉ៃមកសន្តិសុខ រួចជេរប្រទេចមកសន្តិសុខថា ពួកហ្អែងមើលងាយអ្នកក្រ។
លោកប្រធានផ្សារ បាននិយាយថា សកម្មភាពរបស់ស្ត្រីខាងលើនេះ គឺធ្វើឲ្យអ្នកផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយថែមបង្ខំចិត្តដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទ្រាំកំហឹងមិនបាន។លោក សាន់ ប៊ុនណា បន្តថា សកម្មភាពរបស់ស្ត្រីខាងលើ គឺធ្វើផ្ទុយពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យមនុស្សគ្រប់រូបមិនថាឋានៈអ្វី គឺត្រូវពាក់ម៉ាសព្រមទាំងលាងសំអាតដៃដោយអាកុលឬសាប៊ូ ទើបជម្នះបាននូវជំងឺឆ្លងរាលដាលពីជំងឺកូវីដ១៩នេះ។ អ្នកផ្សារនិយាយថា បើអ្នកណាមិនពាក់ម៉ាសទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ដល់មនុស្សគ្រប់ៗគ្នា។ គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕